9. យើងនឹកក្នុងចិត្តថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
10. ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។
11. រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។
12. សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយ ដែលធ្វើឲ្យយើងបានខ្ពស់មុខ។
13. យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន