១ សាំយូ‌អែល 30:13-17 Khmer Standard Version (KHSV)

13. លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។

14. កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។

15. លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។

16. បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។

17. លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។

១ សាំយូ‌អែល 30