1. ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។
2. ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
3. ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។