១ សាំយូ‌អែល 28:1-7 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កង‌ពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង‌ពល​របស់​យើង»។

2. លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះ‌ករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។

3. នៅ​គ្រា​នោះ លោក​សាំយូ‌អែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះ‌បាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល។

4. ថ្ងៃ​មួយ ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ព្រះ‌បាទ​សូល​ក៏​ប្រមូល​កង‌ពល​អ៊ីស្រា‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។

5. កាល​ព្រះ‌បាទ​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។

6. ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។

7. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-‌ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។

១ សាំយូ‌អែល 28