18. លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។
19. អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅគាល់ព្រះបាទសូលនៅគីបៀរ ហើយទូលថា៖ «លោកដាវីឌពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។
20. បពិត្រព្រះករុណា បើសិនជាស្ដេចសព្វព្រះហឫទ័យយាងទៅ សូមយាងទៅចុះ យើងខ្ញុំចាប់គាត់ថ្វាយព្រះករុណា»។
21. ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាជួយឈឺឆ្អាលខ្ញុំ។
22. ឥឡូវនេះ សូមមេត្តាទៅពិនិត្យមើលម្ដងទៀត ហើយយកការណ៍ឲ្យបានច្បាស់ថា វាពួននៅកន្លែងណា នរណាបានឃើញវា។ មានគេប្រាប់យើងថា វានេះឆ្លាតណាស់។
23. ចូរទៅពិនិត្យឲ្យច្បាស់ ហើយស៊ើបអំពីកន្លែងទាំងប៉ុន្មានដែលវាធ្លាប់ពួន រួចត្រឡប់មករកយើងវិញ ដោយនាំពត៌មានច្បាស់លាស់មកផង នោះយើងនឹងទៅជាមួយអ្នករាល់គ្នា។ ប្រសិនបើវានៅក្នុងស្រុកមែននោះ យើងនឹងរកវាគ្រប់ទីកន្លែងក្នុងទឹកដីយូដា រហូតទាល់តែបានឃើញ»។