1. លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។
2. សម្ដេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។
3. លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្ដីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។
4. សម្ដេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។
5. លោកដាវីឌតបទៅសម្ដេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។
6. បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្ដេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។
7. ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។
8. ដូច្នេះ សូមបងសម្តែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមព្រះអម្ចាស់។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។