23. លោកអេលីក៏ពោលទៅកូនៗរបស់លោកថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។
24. កូនអើយ មិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់!
25. ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត ព្រះជាម្ចាស់នឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើព្រះអម្ចាស់ តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្ដាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតព្រះអម្ចាស់បានសម្រេចប្រហារជីវិតពួកគេចោល។
26. រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
27. មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:“កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។
28. យើងជ្រើសរើសអើរ៉ុន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រាអែល ឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដ* បម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រាអែលយកមកដុតជាតង្វាយដល់យើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
29. ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយ ដែលយើងបង្គាប់ឲ្យប្រជាជនយកមកថ្វាយ នៅក្នុងដំណាក់របស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្ដោយឲ្យកូនយកចំណែកតង្វាយល្អៗរបស់ជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?”