45. ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។
46. ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះអញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។
47. សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។
48. ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។