20. យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។
21. ទាហានអ៊ីស្រាអែល និងទាហានភីលីស្ទីន រៀបទ័ពនៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។
22. ដាវីឌប្រគល់ឥវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។
23. ពេលដាវីឌកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រាអែលនូវពាក្យដដែល ដាវីឌក៏បានឮពាក្យទាំងនោះដែរ។
24. កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។