5. លោកសាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។
6. កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។
7. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកំពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។
8. លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។
9. លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខលោកសាំយូអែល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។