១ សាំយូ‌អែល 15:9-16 Khmer Standard Version (KHSV)

9. តែ​ព្រះ‌បាទ​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។

10. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា

11. «យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។

12. លោក​សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។

13. កាល​លោក​សាំយូ‌អែល​ជួប​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ»។

14. លោក​សាំយូ‌អែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។

15. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​អស់​ហើយ»។

16. លោក​សាំយូ‌អែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។

១ សាំយូ‌អែល 15