7. ព្រះបាទសូលវាយពួកអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់ស៊ើរ ដែលនៅខាងកើតស្រុកអេស៊ីប។
8. ស្ដេចចាប់បានព្រះបាទអកាក់ ជាស្ដេចរបស់ពួកអាម៉ាឡេក ទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
9. តែព្រះបាទសូល និងកងទ័ពបានទុកជីវិតឲ្យស្ដេចអកាក់ ព្រមទាំងសត្វដ៏ល្អៗជាងគេ មានគោ ចៀម សត្វធាត់ៗ កូនចៀម និងអ្វីៗដែលល្អបំផុត ពួកគេមិនព្រមបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់ទេ។ ពួកគេបំផ្លាញតែអ្វីៗដែលគ្មានតម្លៃ និងគ្មានប្រយោជន៍ប៉ុណ្ណោះ។
10. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា
11. «យើងសោកស្ដាយណាស់ដោយបានតែងតាំងសូល ជាស្ដេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ លោកសាំយូអែលរន្ធត់ចិត្តជាខ្លាំង លោកទូលអង្វរព្រះអម្ចាស់ពេញមួយយប់។
12. លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។
13. កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។