21. ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
22. ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលកូនខ្ញុំផ្ដាច់ដោះ នោះខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។
23. លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។
24. លុះនាងផ្ដាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះ កុមារសាំយូអែលនៅក្មេងណាស់។
25. គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។
26. នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូលអង្វរព្រះអម្ចាស់ កាលពីមុន នៅទីនេះ ជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
27. នាងខ្ញុំបានទូលអង្វរព្រះអម្ចាស់សូមឲ្យមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។
28. ឥឡូវនេះ នាងខ្ញុំសូមយកកូនមកថ្វាយព្រះអម្ចាស់ ឲ្យនៅជាមួយព្រះអង្គអស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។