19. លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
20. នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
21. ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
22. ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលកូនខ្ញុំផ្ដាច់ដោះ នោះខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។