27. វត្ថុទាំងនោះសុទ្ធសឹងជាជយភ័ណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។
28. វត្ថុទាំងប៉ុន្មានដែលលោកសាំយូអែល ជាគ្រូទាយរបស់ព្រះបាទសូល ជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។
29. ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។
30. ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាបយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន១ ៧០០ នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានថ្វាយព្រះអម្ចាស់ និងថ្វាយស្ដេច។
31. នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។