19. អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។
20. ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកថ្វាយព្រះអង្គ។
21. ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាមដូចតទៅ: លោកយីអែលី
22. ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែល ជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។
23. រីឯក្នុងចំណោមកូនចៅលោកអាំរ៉ាម កូនចៅលោកយីតសារ កូនចៅលោកហេប្រូន និងកូនចៅលោកអ៊ូស៊ាល
24. មានលោកសេបួល ជាពូជពង្សរបស់លោកគើរសុន កូនរបស់លោកម៉ូសេ ជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។
25. រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលាស៊ើរ មានលោករេហាបយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីកគ្រី ជាឪពុករបស់លោកសឡូមីត។
26. លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលព្រះបាទដាវីឌ ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកថ្វាយព្រះជាម្ចាស់។