14. ព្រះអម្ចាស់ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់៧០ ០០០នាក់។
15. ព្រះជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
16. ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
17. ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។
18. ទេវតារបស់ព្រះអម្ចាស់បានប្រាប់លោកកាដ ឲ្យទូលព្រះបាទដាវីឌ ដើម្បីសូមស្ដេចយាងឡើងទៅសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
19. ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះអម្ចាស់។