13. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
14. ព្រះអម្ចាស់ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់៧០ ០០០នាក់។
15. ព្រះជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
16. ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។