19. អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងទៅ ដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
20. រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេងមកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
21. ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។
22. តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រិស្ដ។
23. អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។