10. ពីដើម បងប្អូនមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើម បងប្អូនពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ។
11. បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្នក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។
12. ត្រូវកាន់កិរិយាមារយាទឲ្យបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។
13. សូមគោរពចុះចូលអំណាចនានានៅលើផែនដីនេះ ដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ
14. ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។
15. ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ
16. ឲ្យសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបងប្អូន ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់។