15. ព្រះបាទសាឡូម៉ូនតើនឡើង ហើយជ្រាបថាព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
16. មានស្ត្រីពេស្យាពីរនាក់ចូលមកគាល់ព្រះបាទសាឡូម៉ូន។
17. ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំម្ចាស់សម្រាលបានកូនមួយ។
18. បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។
19. យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។
20. លុះដល់ពាក់កណ្ដាលអធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។