13. លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិ ភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។
14. មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌ ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
15. ព្រះបាទសាឡូម៉ូនតើនឡើង ហើយជ្រាបថាព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
16. មានស្ត្រីពេស្យាពីរនាក់ចូលមកគាល់ព្រះបាទសាឡូម៉ូន។
17. ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំម្ចាស់សម្រាលបានកូនមួយ។