4. ព្រះបាទអហាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណាបោត ជាអ្នកស្រុកយេសរាល ទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែន បែរព្រះភ័ក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។
5. ម្ចាស់ក្សត្រីយេសិបិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។
6. ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។
7. ម្ចាស់ក្សត្រីយេសិបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
8. ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបោត។
9. ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រីយេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។