១ ពង្សា‌វតារ‌ក្សត្រ 20:33-38 Khmer Standard Version (KHSV)

33. កាល​ពួក​មន្ត្រី​ឃើញ​ថា​ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌បាទ​បេន‌ហាដាដ​ពិត​ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា​មែន!»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​យាង​ព្រះ‌រាជា​មក»។ ព្រះ‌បាទ​បេន‌ហាដាដ​ក៏​ចេញ​មក​គាល់​ព្រះ‌បាទ​អហាប់ ហើយ​ព្រះ‌បាទ​អហាប់​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​ឡើង​ជិះ​រាជ‌រថ​ជា​មួយ។

34. ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូលបង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហាដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។

35. មាន​បុរស​ម្នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី​ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។

36. ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សិង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សិង្ហ ហើយ​សិង្ហ​ក៏​សម្លាប់​គាត់។

37. បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។

38. ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ព្រះ‌បាទ​អហាប់​នៅ​តាម​ផ្លូវ។

១ ពង្សា‌វតារ‌ក្សត្រ 20