25. ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។
26. បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
27. ព្រះបាទសាឡូម៉ូនបណ្ដេញលោកអបៀថើរចេញពីតំណែងជាបូជាចារ្យរបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
28. ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។
29. មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
30. លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។
31. ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។