1. ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រីយេសិបិល។
2. ម្ចាស់ក្សត្រីយេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។
3. លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។
4. រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។
5. បន្ទាប់មក លោកទំរេតខ្លួន សម្រាន្ដលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានទេវតា*មួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។
6. លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។
7. ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។