30. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីយ៉ាសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។
31. លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល»។
32. លោកអេលីយ៉ាយកថ្មទាំងដប់ពីរដុំ សង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។
33. លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗ ដាក់ពីលើអុសនោះ។
34. លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។
35. ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។
36. លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមឲ្យពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះតាមបញ្ជារបស់ព្រះអង្គ។