28. ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
29. លុះដល់ថ្ងៃជ្រេបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសម្គាល់អ្វីឡើយ។
30. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីយ៉ាសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។
31. លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល»។
32. លោកអេលីយ៉ាយកថ្មទាំងដប់ពីរដុំ សង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។
33. លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗ ដាក់ពីលើអុសនោះ។