25. ព្រះបាទអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺអាក្រក់លើសពីស្ដេចមុនៗទៅទៀត។
26. ស្ដេចដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្ដេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។
27. រាជកិច្ចផ្សេងៗរបស់ព្រះបាទអូមរី គឺអ្វីៗដែលស្ដេចបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
28. កាលព្រះបាទអូមរីសោយទិវង្គតទៅ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី។ ព្រះបាទអហាប់ ជាបុត្រ បានឡើងស្នងរាជ្យ។
29. នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។
30. ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្ដេចមុនៗទៅទៀត។
31. ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។