១ ពង្សា‌វតារ‌ក្សត្រ 15:8-14 Khmer Standard Version (KHSV)

8. កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

9. នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​អ៊ីស្រា‌អែល ព្រះ‌បាទ​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។

10. ស្ដេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ី‌សាឡុម។

11. ព្រះ‌បាទ​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ដែរ។

12. ស្ដេច​បាន​កំចាត់​ពួក​ប្រុសៗ ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។

13. ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី​ពី​ព្រះ‌នាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ព្រះ‌បាទ​អេសា​កម្ទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

14. ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

១ ពង្សា‌វតារ‌ក្សត្រ 15