១ ពង្សា‌វតារ‌ក្សត្រ 12:21-27 Khmer Standard Version (KHSV)

21. ពេល​ព្រះ‌បាទ​រេហូ‌បោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ទ្រង់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​វិញ។

22. ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះ‌អង្គ​ថា៖

23. «ចូរ​ប្រាប់​រេហូ‌បោម បុត្រ​សាឡូម៉ូន ជា​ស្ដេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

25. ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។

26. ព្រះ‌បាទ​យេរ៉ូ‌បោម​រិះគិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មិន​ខាន។

27. ប្រសិន​បើ​ប្រជា‌ជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយ‌យញ្ញ‌បូជា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូ‌បោម ជា​ស្ដេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូ‌បោម ជា​ស្ដេច​ស្រុក​យូដា​មិន​ខាន»។

១ ពង្សា‌វតារ‌ក្សត្រ 12