20. កាលប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញលោកមក។ គេអភិសេកលោកជាស្ដេចលើប្រជាជនអ៊ីស្រាអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សព្រះបាទដាវីឌ។
21. ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ទ្រង់ក៏ប្រមូលទាហានក្នុងពូជពង្សយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រាអែលឯទៀតៗ ដើម្បីដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនវិញ។
22. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖
23. «ចូរប្រាប់រេហូបោម បុត្រសាឡូម៉ូន ជាស្ដេចនៅស្រុកយូដា ព្រមទាំងកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធបេនយ៉ាមីន និងប្រជាជនឯទៀតៗថា
24. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ជាបងប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមបង្គាប់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមព្រះបន្ទូលរបស់ព្រះអង្គ។