១ ថេស្សា‌ឡូនិក 2:16-20 Khmer Standard Version (KHSV)

16. ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។

17. បង‌ប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បង‌ប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បង‌ប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បង‌ប្អូន​ខ្លាំង​ណាស់។

18. ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បង‌ប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។

19. បង‌ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ក្រៅ​ពី​បង‌ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។

20. បង‌ប្អូន​ពិត​ជា​សិរី‌រុងរឿង និង​ជា​អំណរ​របស់​យើង​មែន។

១ ថេស្សា‌ឡូនិក 2