១ កូរិន‌ថូស 9:12-17 Khmer Standard Version (KHSV)

12. ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង‌ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ*។

13. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។

14. រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​ដំណឹង‌ល្អ​នោះ។

15. ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។

16. ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារ‌កិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។

17. ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារ‌កិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះ‌អង្គ​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។

១ កូរិន‌ថូស 9