7. ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។
8. អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
9. ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
10. ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ
11. ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺ ព្រះយេស៊ូគ្រិស្ដ*។
12. ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ
13. នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
14. បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។
15. បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
16. បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ*របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។
17. ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ* គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
18. សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
19. ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
20. មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។
21. ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន
22. ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។
23. រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រិស្ដ* ហើយព្រះគ្រិស្ដបម្រើព្រះជាម្ចាស់។