4. ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះសឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន!
5. តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។
6. ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។
7. ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។
8. អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
9. ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
10. ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ
11. ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺ ព្រះយេស៊ូគ្រិស្ដ*។
12. ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ
13. នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
14. បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។
15. បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
16. បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ*របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។
17. ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ* គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។
18. សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
19. ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
20. មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។