43. រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។
44. រូបកាយដែលគេកប់ក្នុងដី ជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។
45. ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។
46. មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។
47. មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ*។
48. អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។
49. យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។
50. បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។
51. ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្តែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា
52. ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ
53. ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវទទួលយកភាពអមតៈ។