១ កូរិន‌ថូស 12:12-18 Khmer Standard Version (KHSV)

12. ព្រះ‌គ្រិស្ដ*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។

13. យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។

14. រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។

15. បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។

16. បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។

17. ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន?

18. តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខ‌ងារ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

១ កូរិន‌ថូស 12