19. ដ្បិតមានចែងទុកមកថា: «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
20. ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។
21. ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្តែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
22. សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា
23. រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដ*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
24. ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្ដថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
25. អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។