7. នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចម្រៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
8. នៅគ្រានោះ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស។
9. លោកកំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្ដលើលោក។
10. លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនច្បាប់ និងវិន័យដល់ជនជាតិអ៊ីស្រាអែលទៀតផង។
11. ព្រះចៅអើថាស៊ើកសេសប្រគល់រាជសារមួយជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ លោកមាននាទីចម្លងព្រះបន្ទូលនៃបទបញ្ជា និងច្បាប់ដែលព្រះអម្ចាស់ប្រទានមកអ៊ីស្រាអែល។ រាជសារនោះមានសេចក្ដីដូចតទៅ៖
12. «យើង អើថាស៊ើកសេស ជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខ
13. យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមបូជាចារ្យ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតឲ្យគេចាកចេញទៅជាមួយលោក។