10. ពួកគេនឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ យើងមិនមែននិយាយឥតបានការទេ គឺយើងដាក់ទោសពួកគេតាមពាក្យរបស់យើង”។
11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា “ចូរគក់ទ្រូង និងទន្ទ្រាំជើង ទាំងស្រែកយំសោកស្ដាយ ព្រោះតែអំពើអាក្រក់ថោកទាប ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺរាតត្បាត។
12. អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវ អ្នកដែលនៅសេសសល់ ត្រូវខ្មាំងឡោមព័ទ្ធ និងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេ រហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។