8. ហេតុនេះហើយបានជាយើងដែលជាព្រះជាអម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។
9. យើងនឹងធ្វើទោសអ្នក ព្រោះអ្នកបានគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន យើងនឹងដាក់ទោសអ្នក តាមរបៀបដែលយើងមិនធ្លាប់ប្រើពីមុន ហើយជារបៀបដែលយើងមិនប្រើនៅពេលខាងមុខទៀតដែរ
10. គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកំចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។
11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
12. ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
13. យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។