33. បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
34. បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
35. លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា
36. រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
37. ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
38. នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងតង្វាយដុត។
39. ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ-កសត្វនៅលើតុទាំងនោះ សម្រាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។
40. ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។
41. នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ-កសត្វពីលើ។
42. មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ-កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។
43. នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើយញ្ញបូជា គេដាក់នៅលើតុ។
44. នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចម្រៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។
45. លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។
46. រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើព្រះអម្ចាស់»។
47. លោកវាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។
48. លោកនាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់។ លោកវាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។
49. បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។