23. ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រាអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីឲ្យអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ ដោយមុខដាវ។
24. យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
25. ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកឲ្យនាមដ៏វិសុទ្ធរបស់យើងនៅអាប់អោនដូច្នេះឡើយ។
26. ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។
27. យើងនឹងសម្តែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។