អេសេ‌គាល 39:18-25 Khmer Standard Version (KHSV)

18. អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​ទាហាន​ដ៏​អង់‌អាច ហើយ​ផឹក​ឈាម​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី ដែល​យើង​ធ្វើ​យញ្ញ‌បូជា​ជំនួស​ចៀម​ឈ្មោល កូន​ចៀម ពពែ​ឈ្មោល និង​គោ​បា​បំប៉ន​នៅ​ស្រុក​បាសាន។

19. ក្នុង​ពេល​យើង​ធ្វើ​យញ្ញ‌បូជា សម្រាប់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​ដ៏​ល្អៗ​រហូត​ដល់​ឆ្អែត‌ឆ្អន់ អ្នក​រាល់​គ្នា​ផឹក​ឈាម​រហូត​ដល់​ស្រវឹង។

20. ក្នុង​ពិធី​ជប់‌លៀង​របស់​យើង អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​សេះ ស៊ី​សាច់​ទាហាន ទ័ព​សេះ ទាហាន​ដ៏​អង់‌អាច និង​អ្នក​ចំបាំង​ទាំង​ប៉ុន្មាន”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

21. យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ឃើញ​ថា​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ដោយ​ដៃ​របស់​យើង​ផ្ទាល់។

22. ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ​អនាគត កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

23. ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ទទួល​ស្គាល់​ថា កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដូច្នេះ ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ក្បត់​ចិត្ត​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​រវី‌រវល់​នឹង​ពួក​គេ យើង​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់ ដោយ​មុខ​ដាវ។

24. យើង​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​សៅហ្មង និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ»។

25. ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​នៅ​អាប់‌អោន​ដូច្នេះ​ឡើយ។

អេសេ‌គាល 39