អេសេ‌គាល 37:23-28 Khmer Standard Version (KHSV)

23. ពួក​គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​គួរ​ស្អប់​ខ្ពើម និង​លែង​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ហើយ។ យើង​នឹង​រំដោះ​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ និង​ជា​កន្លែង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។

24. ពេល​នោះ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​វិន័យ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង​ទៀត​ផង។

25. ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជា​ស្រុក​ដែល​ដូនតា​របស់​ពួក​គេ​ធ្លាប់​រស់​នៅ​កាល​ពី​ដើម។ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​រហូត ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​គ្រប់‌គ្រង​លើ​ពួក​គេ​ត​រៀង​ទៅ។

26. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទី‌សក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។

27. ដំណាក់​របស់​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

28. ពេល​ដែល​ទី‌សក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ប្រោស​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ*»។

អេសេ‌គាល 37