8. ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។
9. ហេតុនេះ អ្នកដឹកនាំអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
10. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងឲ្យពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងឲ្យគេស៊ីដូចមុនទៀត»។
11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់។
12. យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។
13. យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។
14. យើងនឹងឃ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៌ស្មៅខៀវខ្ចី ពួកគេនឹងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល។ នៅទីនោះពួកគេនឹងសម្រាក ហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។
15. យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។