អេសេ‌គាល 34:18-25 Khmer Standard Version (KHSV)

18. ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​ឲ្យ​ល្អក់​ដូច្នេះ?

19. ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ល្អក់!»។

20. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ និង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!

21. អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។

22. យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​ឲ្យ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម និង​ចៀម។

23. យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។

24. រីឯ​យើង​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះ‌អម្ចាស់។

25. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កំចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។

អេសេ‌គាល 34