5. គេបាត់បង់ជីវិត ព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។
6. ប្រសិនបើអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក តែមិនផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹងទេ បើអ្នកណាម្នាក់ស្លាប់ដោយមុខដាវ អ្នកនោះស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ប៉ុន្តែ យើងនឹងឲ្យអ្នកយាមទទួលទោសចំពោះការស្លាប់នេះ។
7. ចំណែកឯអ្នកវិញ កូនមនុស្សអើយ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ ចូរស្ដាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។
8. ពេលណាយើងពោលទៅកាន់មនុស្សអាក្រក់ថា “នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!” ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឲ្យលះបង់កិរិយាមារយាទអាក្រក់ទេ មនុស្សអាក្រក់នោះនឹងស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឲ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។
9. ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់ឲ្យលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញ អ្នកនឹងរួចជីវិត។