អេសេ‌គាល 33:14-21 Khmer Standard Version (KHSV)

14. ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះ‌បង់​ចោល​អំពើ​បាប បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌

15. បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។

16. យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។

17. ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ តាម​ពិត គឺ​ពួក​គេ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ!

18. ប្រសិន​បើ​មនុស្ស​សុចរិត​លះ‌បង់​ចោល​អំពើ​សុចរិត បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​មុខ​ជា​ស្លាប់​ពុំ‌ខាន។

19. ប្រសិន​បើ​មនុស្ស​អាក្រក់​លះ‌បង់​ចោល​អំពើ​អាក្រក់ បែរ​មក​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ គេ​មុខ​ជា​រស់ ព្រោះ​តែ​ធ្វើ​ដូច្នេះ។

20. អ្នក​រាល់​គ្នា​តែង​ពោល​ថា “ព្រះ‌អម្ចាស់ ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត!»។

21. នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម​មក​ជួប​ខ្ញុំ ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។

អេសេ‌គាល 33